ព្រះត្រៃបិដក ភាគ ២៣
[២៥] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ ចីវរ ព្រមទាំងភិក្ខុសង្ឃ ទ្រង់និមន្តចូលទៅកាន់សន្ថាគារសាលា លុះចូលទៅដល់ហើយ ទ្រង់ឲ្យលាងព្រះបាទារួចហើយ យាងចូលទៅកាន់សន្ថាគារសាលា គង់ផ្អែកនឹងសសរកណ្តាល បែរព្រះភក្ត្រទៅទិសខាងកើត។ ឯភិក្ខុសង្ឃក៏ឲ្យលាងជើងរួចហើយ ចូលទៅកាន់សន្ថាគារសាលា អង្គុយផ្អែកនឹងជញ្ជាំងខាងលិច បែរមុខទៅទិសខាងកើត មានព្រះមានព្រះភាគ គង់នៅខាងមុខ។ ឯពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ក៏លាងជើងរួចហើយ ចូលទៅកាន់សន្ថាគារសាលា អង្គុយផ្អែកនឹងជញ្ជាំងខាងកើត បែរមុខទៅទិសខាងលិច មានព្រះមានព្រះភាគ គង់នៅខាងមុខ។ លំដាប់នោះ ព្រះមានព្រះភាគ ពន្យល់ណែនាំពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ឲ្យយល់ប្រយោជន៍ (ក្នុងបច្ចុប្បន្ន និងបរលោក) ឲ្យជឿជាក់ (ក្នុងកុសលធម៌) ឲ្យខ្មីឃ្មាតសង្វាត ឲ្យរីករាយ ដោយធម្មីកថា ច្រើនរាត្រី (ពេញមួយយប់) ហើយត្រាស់ទៅនឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចូរអ្នកសំដែងសេក្ខប្បដិបទា ដល់ពួកសក្យៈ អ្នកក្រុងកបិលវត្ថុចុះ ដ្បិតតថាគតរោយខ្នងណាស់ តថាគត នឹងសម្រាកខ្នងបន្តិច។ ព្រះអានន្ទមានអាយុ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
ID: 636826020101220382
ទៅកាន់ទំព័រ៖