ព្រះត្រៃបិដក ភាគ ៤៧
បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ព្រះអរហន្តទាំងឡាយ កាលសំដែងធម៌ រមែងសំដែងដល់ខ្ញុំព្រះអង្គមុន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន កិត្តិសព្ទដ៏ពីរោះរបស់ខ្ញុំព្រះអង្គ ខ្ចរខ្ចាយទៅថា សីហសេនាបតី ជាទាយក ជាអ្នកធ្វើ ជាអ្នកបម្រើសង្ឃ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ចូលទៅរកបរិសទ្យណា ទោះជាខត្តិយបរិសទ្យក្តី ញ្រហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ខ្ញុំព្រះអង្គ ជាអ្នកក្លៀវក្លា មិនញញើតញញើម រមែងចូលទៅរកបរិសទ្យនោះបាន។ បពិត្រព្រះអង្គដ៏ចំរើន ផលនៃទានដែលបុគ្គលឃើញច្បាស់ដោយខ្លួនឯងទាំង ៦ នេះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ខ្ញុំព្រះអង្គ មិនដល់នូវសេចក្តីជឿព្រះដ៏មានព្រះភាគ ក្នុងហេតុនុ៎ះទេ ខ្ញុំព្រះអង្គ ក៏បានដឹងច្បាស់ នូវផលនៃទានទាំងនុ៎ះដែរ ចំណែកដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវផលនៃទានណា នឹងខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលសីហៈ បុគ្គលជាទាយក ជាម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងចូលទៅកើតក្នុងសុគតិសួគ៌ ទេវលោក ខ្ញុំព្រះអង្គ មិនបានដឹងច្បាស់ នូវផលនៃទានទាំងនុ៎ះទេ
ID: 636854480952921861
ទៅកាន់ទំព័រ៖