ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ… គួររួចស្រឡះ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលព្រះអាទិត្យ ជាគំរប់ ៦ កើតប្រាកដ ដោយអំណឹះនៃកាលដ៏វែងម្តង ៗ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យជា គំរប់ ៦ កើតប្រាកដហើយ មហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុផង រមែងហុយផ្សែងឡើង ហុយផ្សែងឡើងព្រម ហុយផ្សែងឡើងសព្វ។ ម្នាលភិក្ខុទាំងឡាយ ឡដុតឆ្នាំង ដែលស្មូនឆ្នាំងបិទហើយ រមែងហុយផ្សែងឡើង ហុយផ្សែងឡើងព្រម ហុយផ្សែងឡើងសព្វ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យ ជាគំរប់ ៦ កើតប្រាកដហើយ មហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុផង ក៏ហុយផ្សែងឡើង ហុយផ្សែងឡើងព្រម យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ… គួររួចស្រឡះ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលអាទិត្យជាគំរប់ ៧ កើតប្រាកដ ដោយអំណឹះនៃកាលដ៏វែងម្តង ៗ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យ ជាគំរប់ ៧ កើតប្រាកដហើយ មហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុផង រមែងឆេះសព្វ រុងរឿង មានអណ្តាតតែមួយ
ID: 636854489601346522
ទៅកាន់ទំព័រ៖