ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនខ្ជាប់ខ្ជួនយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ បុគ្គលគួរនឿយណាយ គួរធុញទ្រាន់ គួររួចស្រឡះចាកសង្ខារទាំងពួង។ ម្នាលភិក្ខុទាំងឡាយ នរណាដឹង នរណាជឿ ក្នុងសង្ខារនោះថា ផែនដីនេះក្តី ស្តេចភ្នំឈ្មោះសិនេរុក្តី គង់នឹងឆេះរលាយ គង់នឹងវិនាស មិនមានប្រាកដយ៉ាងនេះ វៀរលែងតែអរិយសាវកទាំងឡាយ អ្នកមានបទ គឺធម៌ឃើញហើយ។
ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានគ្រូឈ្មោះសុនេត្តៈ ជាអ្នកធ្វើនូវលទ្ធិដូចជាកំពង់ ជាអ្នកប្រាសចាក
(១) រាគៈ ក្នុងកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ គ្រូឈ្មោះសុនេត្តៈ មានរយនៃសាវកដ៏ច្រើន។ គ្រូឈ្មោះសុនេត្តៈ សំដែងធម៌ដល់ពួកសាវក ដើម្បីឲ្យបានទៅកើតក្នុងព្រហ្មលោក។ ម្នាលភិក្ខុទាំងឡាយ កាលគ្រូឈ្មោះសុនេត្តៈ កំពុងសំដែងធម៌ ដើម្បីឲ្យបានទៅកើតក្នុងព្រហ្មលោក ពួកសាវកណា ដឹងច្បាស់នូវពាក្យប្រៀនប្រដៅទាំងអស់ ដោយសព្វគ្រប់ ពួកសាវកទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតឯសុគតិ ព្រហ្មលោក។
(១) គ្រាន់តែស្ងប់រាគៈ ដោយអំណាចឈាន មិនបានលះដាច់ទេ។
ID: 636854490095094763
ទៅកាន់ទំព័រ៖