ព្រះត្រៃបិដក ភាគ ៤៧
បានឈ្មោះថា អន្តរាបរិនិព្វាយិ ព្រោះអស់សំយោជនៈ ៥ ដែលជាចំណែកខាងក្រោមរលីង។បេ។ បានឈ្មោះថា ឧបហច្ចបរិនិព្វាយិ។បេ។ បានឈ្មោះថា អសង្ខារបរិនិព្វាយិ។បេ។ បានឈ្មោះថា សសង្ខារបរិនិព្វាយិ។បេ។ បានឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី។ ម្នាលភិក្ខុទាំងឡាយ នេះជាបុគ្គលទី ៧ ដែលគួរទទួលនូវវត្ថុ ដែលគេនាំមកបូជា… ជាស្រែបុណ្យដ៏ប្រសើររបស់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៧ ពួកនេះ ជាអ្នកគួរទទួលនូវវត្ថុ ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំទទួលភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេប្រណម្យអញ្ជលី ជាស្រែបុណ្យដ៏ប្រសើរ របស់សត្វលោក។
[៨៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ គួរទទួលនូវវត្ថុ ដែលគេនាំមកបូជា... ជាស្រែបុណ្យដ៏ប្រសើរ របស់សត្វលោក។ បុគ្គល ៧ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកឃើញរឿយ ៗ ក្នុងចក្ខុថាជាទុក្ខ... ១ ឃើញរឿយ ៗ ក្នុងចក្ខុថា មិនមែនជារបស់ខ្លួន ១ ឃើញរឿយ ៗ ក្នុងចក្ខុថា អស់ទៅ ១ ឃើញរឿយ ៗ ក្នុងចក្ខុថា សាបសូន្យទៅ ១ ឃើញរឿយ ៗ ក្នុងចក្ខុថា គួររសាយចិត្ត ១ ឃើញរឿយ ៗ ក្នុងចក្ខុថា ជារបស់រលត់ ១ ឃើញរឿយ ៗ ក្នុងចក្ខុថា ជារបស់គួរលះបង់ចេញ ១
ID: 636854519379799752
ទៅកាន់ទំព័រ៖