ព្រះត្រៃបិដក ភាគ ៥០
អាស្រ័យនូវសេចក្តីចាស់ក្លា នៃឥន្រ្ទិយទាំងឡាយ ក៏ឆ្អែតស្កប់ស្កល់ មូលមិត្តមានគេបម្រើ ដោយកាមគុណទាំង ៥ គឺរូបដែលគប្បីដឹង ដោយចក្ខុជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួររីករាយ ១ សំឡេងដែលគប្បីដឹងដោយត្រចៀក... ១ ក្លិនដែលគប្បីដឹងដោយច្រមុះ... ១ រសដែលគប្បីដឹងដោយអណ្តាត... ១ សម្ផស្សដែលគប្បីដឹងដោយកាយជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាមគួរជាទីរីករាយ ១។ ម្នាលឧបាលិ អ្នកសំគាល់ដំណើរនោះ ដូចម្តេច តើល្បែងនេះល្អប្រសើរជាងល្បែងពីមុន ឬមិនមែនទេ។ មែនហើយ ព្រះអង្គ។ ម្នាលឧបាលិ ព្រះតថាគត កើតឡើង ក្នុងលោកនេះ ព្រះតថាគត ឆ្ងាយចាកកិលេស ត្រាស់ដឹងដោយប្រពៃ ដោយខ្លួនឯង បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ដឹងច្បាស់នូវលោក ជាសារថី អ្នកទូន្មាននូវបុរស មិនមានបុគ្គលណាស្មើ ជាសាស្តា នៃពួកទេវតា និងមនុស្ស ត្រាស់ដឹងនូវសច្ចធម៌ ជាអ្នកចែករលែកនូវព្រះសទ្ធម្ម។
ID: 636855480227177079
ទៅកាន់ទំព័រ៖