ព្រះត្រៃបិដក ភាគ ៥០
ព្រះតថាគតនោះ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំងទេវតា និងមនុស្សដ៏សេស ហើយប្រកាសនូវព្រហ្មចរិយធម៌ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង។ ព្រះតថាគតនោះ សំដែងធម៌មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់។ គហបតី ឬគហបតិបុត្ត ឬក៏ជនដែលកើតក្នុងត្រកូលណាមួយ តែងស្តាប់ធម៌នោះ។ បុគ្គលនោះ លុះស្តាប់ហើយ រមែងបាននូវសទ្ធាចំពោះព្រះតថាគត។ បុគ្គលនោះ ប្រកបដោយការបាននូវសទ្ធានេះហើយ រមែងពិចារណាឃើញច្បាស់ថា ឃរាវាស ចង្អៀតចង្អល់ ជាផ្លូវនៃធូលី គឺកិលេស បព្វជ្ជា ទើបមានឱកាសល្អ បុគ្គលអ្នកនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ បរិសុទ្ធដោយចំណែកមួយ ឲ្យដូចជាស័ង្ខ ដែលគេខាត់ហើយទេ បើដូច្នោះ គួរតែអាត្មាអញកោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាយាសៈ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។
ID: 636855480412257665
ទៅកាន់ទំព័រ៖