ព្រះត្រៃបិដក ភាគ ៥០
ជាអ្នកខ្ជាប់ខ្ជួនដែលគួរអ្នកផងជឿបាន មិនពោលពាក្យបំភ្លាត់សត្វលោក លះបង់បិសុណាវាចា វៀរចាកបិសុណាវាចា មិនស្តាប់ពីនេះទៅប្រាប់ក្នុងទីឯណោះ ដើម្បីបំបែកពួកជនទាំងនេះ ឬឮពាក្យក្នុងទីឯណោះ មិនទៅប្រាប់ដល់ពួកជនឯនេះ ដើម្បីបំបែកពួកជនឯណោះ ដូច្នេះ ជាអ្នកផ្សះផ្សាពួកជន ដែលបែកគ្នាហើយ ឲ្យកំឡាំងដល់ពួកជន ដែលព្រមព្រៀងគ្នាហើយ មានសេចក្តីព្រមព្រៀង ជាទីត្រេកអរ ត្រេកអរក្នុងសេចក្តីព្រមព្រៀង រីករាយក្នុងការព្រមព្រៀង ពោលវាចាដែលជាគ្រឿងនាំឲ្យព្រមព្រៀងគ្នា លះបង់ផរុសវាចា វៀរចាកផរុសវាចា វាចាណាដែលមិនមានទោស ជាវាចាស្រួលដល់ត្រចៀក ជាពាក្យគួរជាទីស្រឡាញ់ គួរដម្កល់ទុកក្នុងហឫទ័យ ជាសំដីរបស់អ្នកក្រុង ជាទីត្រេកអរ ដល់ជនច្រើន ជាទីពេញចិត្ត ដល់ជនច្រើន ពោលតែវាចាបែបនោះឯង លះបង់សម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ពោលពាក្យតាមកាលគួរ ពោលពាក្យពិត ពោលពាក្យប្រកបដោយប្រយោជន៍ ពោលពាក្យប្រកបដោយធម៌ ពោលពាក្យប្រកបដោយវិន័យ ពោលពាក្យដែលគួរដម្កល់ទុក ក្នុងហឫទ័យ ប្រកបដោយគ្រឿងអាង តាមកាលគួរ ជាពាក្យមានកំណត់ ជាពាក្យប្រកបដោយប្រយោជន៍។
ID: 636855480784588961
ទៅកាន់ទំព័រ៖