ព្រះត្រៃបិដក ភាគ ៥០
វៀរចាកការកោងដោយជញ្ជីង ការបន្លំដោយភាជន៍មាស និងការកោងដោយរង្វាស់រង្វាល់ វៀរចាកអំពើកោងកាច ដោយមួលបង្កាច់បំភាន់ ដោយឧបាយ និងការបន្លំ ដោយរបស់ប្លម វៀរចាកការកាត់នូវអវយវៈ មានដៃ និងជើងជាដើម សំឡាប់ ចាប់ចង ធ្វើឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក និងកំហែងរឹបយកទ្រព្យគេ។ ភិក្ខុនោះ ជាអ្នកសន្តោស ដោយចីវរជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាតជាគ្រឿងរក្សាផ្ទៃ ចៀសចេញទៅ ក្នុងទិសណា ៗ តែងកាន់យក (គ្រឿងបរិក្ខារ) តែប៉ុណ្ណេះ ហើយចៀសចេញទៅ ក្នុងទិសនោះ ៗ។ ដូចសត្វស្លាបហើរទៅ ក្នុងទិសណា ៗ ក៏មានតែទម្ងន់ស្លាបរបស់ខ្លួនប៉ុណ្ណោះ ហើរទៅ ដូចម្តេចមិញ ភិក្ខុជាអ្នកសន្តោស ដោយចីវរជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ ចៀសចេញទៅ ក្នុងទីណា ៗ តែងកាន់យក (គ្រឿងបរិក្ខារ) តែប៉ុណ្ណោះ ចៀសចេញទៅ ដូច្នេះដែរ។ ភិក្ខុនោះ ប្រកបព្រមដោយសីលក្ខន្ធដ៏ប្រសើរនេះហើយ រមែងទទួលសេចក្តីសុខ មិនមានទោសខាងក្នុងសន្តាន។
ID: 636855481180661615
ទៅកាន់ទំព័រ៖