ព្រះត្រៃបិដក ភាគ ៦៥
ពួកអនាគារមុនិ តើដូចម្តេច។ ពួកបព្វជិតណា បានឃើញនូវបទ គឺព្រះនិព្វាន បានដឹងច្បាស់នូវសាសនា ពួកនេះ ឈ្មោះអនាគារមុនិ។ សេក្ខបុគ្គល ៧ ពួក ឈ្មោះសេក្ខមុនិ។ ពួកព្រះអរហន្ត ឈ្មោះអសេក្ខមុនិ។ ពួកព្រះបច្ចេកពុទ្ធ ឈ្មោះបច្ចេកមុនិ។ ព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ ឈ្មោះមុនិមុនិ។
បុគ្គលមានសភាពជាអ្នកវង្វេង មិនមានការចេះដឹង មិនមែនឈ្មោះថាមុនិ ដោយការស្ងៀមទេ លុះតែបុគ្គលណា ជាបណ្ឌិត កាន់យកធម៌ដ៏ប្រសើរ ហើយវៀរបង់នូវបាបទាំងឡាយ ដូចបុគ្គលផ្គងនូវជញ្ជីង (ហើយថ្លឹង) បុគ្គលនោះ ឈ្មោះថាមុនិ បុគ្គលនោះ ឈ្មោះថាមុនិ ដោយហេតុនោះ បុគ្គលណា ដឹងនូវប្រយោជន៍ទាំងពីរក្នុងលោក បុគ្គលនោះ ទើបតថាគតហៅថា មុនិ ដោយហេតុនោះ បុគ្គលណា ដឹងធម៌របស់ពួកអសប្បុរសផង របស់ពួកសប្បុរសផង ទាំងខាងក្នុង ទាំងខាងក្រៅ ក្នុងលោកទាំងអស់ ជាបុគ្គលដែលទេវតា និងមនុស្សទាំងឡាយបូជាហើយ បានឆ្លងនូវសំណាញ់ គឺកិលេសជាគ្រឿងចំពាក់ បុគ្គលនោះ ឈ្មោះថា មុនិ។
ID: 637351811334967263
ទៅកាន់ទំព័រ៖