ព្រះត្រៃបិដក ភាគ ៦៥
រមែងត្រេកអរទួទៅ ត្រេកអរចំពោះ ដើម្បីដល់នូវគុណដែលខ្លួនមិនទាន់ដល់ ដើម្បីបាននូវគុណដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ឯព្រះអរហន្ត ជាអ្នកឆ្ងាយ វៀរបង់ វៀរចំពោះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ មិនប្រកប មានចិត្តប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មិនមានការកំណត់ មិនត្រេកអរ។ ពាក្យថា មិនមានសេចក្តីប្រាថ្នា សេចក្តីថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានដល់សេចក្តីត្រេកអរ សេចក្តីត្រេកអរដ៏មានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តីប្រាថ្នានុ៎ះ បុគ្គលណា លះបង់ហើយ ផ្តាច់ផ្តិលហើយ ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានសេចក្តីប្រាថ្នា។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យពោលដោយគោរព។ ម្យ៉ាងទៀត ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់បង់រាគៈ។ ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់បង់ទោសៈ។ ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់បង់មោហៈ។ ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់បង់មានះ។ ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់បង់ទិដ្ឋិ។
ID: 637351812031776453
ទៅកាន់ទំព័រ៖