ព្រះត្រៃបិដក ភាគ ៦៥
ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់បង់នូវចំរូង។ ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់បង់នូវកិលេស។ ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុទ្រង់ចែក រំលែក ញែក នូវធម្មរតនៈ។ ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុទ្រង់ធ្វើនូវទីបំផុតនៃភពទាំងឡាយ។ ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុទ្រង់ចំរើនព្រះកាយ។ ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់ចំរើនសីល ចំរើនចិត្ត ចំរើនបញ្ញា។ មួយទៀត ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុទ្រង់គប់រកនូវសេនាសនៈទាំងឡាយដ៏ស្ងាត់ គឺព្រៃតូច និងព្រៃធំ ជាព្រៃមិនមានសំឡេង មិនមានការគឹកកង ជាព្រៃប្រាសចាកខ្យល់កាយនៃជន ជាព្រៃស្ងប់ស្ងាត់ចាកមនុស្ស សមគួរដល់ការពួនសម្ងំ។ មួយទៀត ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។ មួយទៀត ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃអត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត អធិប្បញ្ញា។ មួយទៀត ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃឈាន ៤ អប្បមញ្ញា ៤ អរូបសមាបត្តិ ៤។
ID: 637351812380884873
ទៅកាន់ទំព័រ៖