ព្រះត្រៃបិដក ភាគ ៦៨
ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ សោមនស្សណា កើតឡើងព្រោះអាស្រ័យកាមគុណ ៥ នេះ សេចក្តីសុខ សោមនស្សនេះ តថាគតហៅថា កាមសុខ សេចក្តីសុខនេះ មានប្រមាណតិច សេចក្តីសុខនេះ ថោកទាប សេចក្តីសុខនេះ លាមក សេចក្តីសុខនេះ នាំមកនូវទុក្ខ ហេតុនោះ (លោកពោលថា) កាមគុណនេះ ជាគ្រឿងចំពាក់ សេចក្តីសុខក្នុងកាមនេះ មានប្រមាណតិច។
[៣៣៤] ពាក្យថា កាមគុណនេះ មានសេចក្តីត្រេកអរតិច សេចក្តីទុក្ខក្នុងកាមគុណនេះ មានច្រើនក្រៃលែង អធិប្បាយថា កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានសេចក្តីត្រេកអរតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានច្រើនក្រៃលែង។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយរាងឆ្អឹង។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយដុំសាច់។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយគប់ភ្លើង។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយរណ្តៅរងើកភ្លើង។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយការយល់សប្តិ។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយរបស់ខ្ចីគេ។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយផ្លែឈើ។
ID: 637357963072348007
ទៅកាន់ទំព័រ៖