ព្រះត្រៃបិដក ភាគ ៦៨
ប្រសិនបើ មារចូលទៅជិតភិក្ខុនោះ តាមទា្វរចិត្ត មារតែងបាននូវឱកាស មារតែងបាននូវអារម្មណ៍ មានឧបមេយ្យដូច្នោះឯង ម្នាលអាវុសោ រូបគ្របសង្កត់ភិក្ខុ អ្នកមានកិរិយានៅយ៉ាងនេះ ភិក្ខុមិនគ្របសង្កត់រូបបានឡើយ សំឡេងគ្របសង្កត់ភិក្ខុ ភិក្ខុមិនគ្របសង្កត់សំឡេងបានឡើយ ក្លិនគ្របសង្កត់ភិក្ខុ ភិក្ខុមិនគ្របសង្កត់ក្លិនបានឡើយ រសគ្របសង្កត់ភិក្ខុ ភិក្ខុមិនគ្របសង្កត់រសបានឡើយ ផ្សព្វគ្របសង្កត់ភិក្ខុ ភិក្ខុមិនគ្របសង្កត់ផ្សព្វបានឡើយ ធម្មារម្មណ៍គ្របសង្កត់ភិក្ខុ ភិក្ខុមិនគ្របសង្កត់ធម្មារម្មណ៍បានឡើយ ម្នាលអាវុសោ ភិក្ខុនេះ គេហៅថា អ្នកត្រូវរូបគ្របសង្កត់ អ្នកត្រូវសំឡេងគ្របសង្កត់ អ្នកត្រូវក្លិនគ្របសង្កត់ អ្នកត្រូវរសគ្របសង្កត់ អ្នកត្រូវផ្សព្វគ្របសង្កត់ អ្នកត្រូវពួកកិលេសទាំងនោះ គ្របសង្កត់ ព្រោះថា ភិក្ខុនោះ មិនបានគ្របសង្កត់នូវពួកអកុសលធម៌ដ៏លាមក ដែលប្រកបដោយសេចក្តីសៅហ្មង នាំទៅកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាផល មានជាតិ ជរា និងមរណៈតទៅខាងមុខទៀតទេ ម្នាលអាវុសោ ភិក្ខុមានចិត្តទទឹក យ៉ាងនេះឯង។
ID: 637357968783793110
ទៅកាន់ទំព័រ៖