ព្រះត្រៃបិដក ភាគ ៨៧
[៤៣៤] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអរូបព្រហ្ម រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
ID: 637825392504921835
ទៅកាន់ទំព័រ៖