ព្រះត្រៃបិដក ភាគ ៩២
ឯសោមនស្សិន្ទ្រិយ របស់បុរសទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព ទាំងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម បុរសទាំងឡាយណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន ឥត្ថិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ស្ត្រីទាំងឡាយណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន សោមនស្សិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព ទាំងពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម បុរសទាំងឡាយណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន សោមនស្សិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។
[៦១៩] ឥត្ថិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។
ID: 637827188845222191
ទៅកាន់ទំព័រ៖